ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

អគ្គលេខាធិការដ្ឋាន នៃក្រសួងយុត្តិធម៌ បានរៀបចំសិក្ខាសាលាស្តីពី "ការអនុវត្តថវិកា" ជូនដល់មន្ត្រីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុរបស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌

ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ស៊ី ពិសេដ្ឋ អគ្គលេខាធិការរងនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការអនុវត្តថវិកា" ជូនដល់មន្ត្រីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុរបស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ លើប្រធានបទចំនួន៣ រួមមាន៖ ប្រធានបទទី១-ទិដ្ឋភាពទូទៅនៃការអនុវត្តចំណាយចរន្ត ឧទ្ទេសនាមដោយ លោក ណុប វណ្ណៈ ប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ ប្រធានបទទី២-ការអនុវត្តចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន ឧទ្ទេសនាមដោយ លោកស្រី ហែម ម៉ូលីកា អនុប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ ប្រធានបទទី៣-ការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម ឧទ្ទេសនាមដោយ លោក ចេង សុខមាន អនុប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌។ សូមគូសបញ្ជាក់ផងដែរថា សិក្ខាសាលានេះ ត្រូវបានរៀបចំទ្បើង ក្នុងគោលបំណងផ្សព្វផ្សាយ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តថវិកា សំដៅពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពការងារអនុវត្តថវិកា របស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌។