ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាសារការីនៃសាធារណរដ្ឋបារាំង

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, ក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយឧត្តមក្រុមប្រឹក្សាសារការីបារាំង តំណាងដោយលោកសារការី Jean Deleage តំណាងឧត្តមក្រុមប្រឹក្សាសារការីបារាំង ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា, លោកជំទាវ Béatrice Balivet ទីប្រឹក្សាអមក្រសួងយុត្តិធម៌ ព្រមទាំងលោក Olivier Gout ព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Jean Moulin Lyon 3។
    ថ្លែងក្នុងពិធីនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សំដៅជួយឱ្យវិជ្ជាជីវៈសារការីនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង។ តាមរយៈការអនុវត្តអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការថ្មីនេះ, ឧត្តមក្រុមប្រឹក្សាសារការីបារាំងនឹងជួយកម្ពុជាលើការងារសំខាន់ៗ ជាអាទិ៍៖ (ទី១)-ការជួយរៀបចំនូវក្របខណ្ឌគតិយុត្តដ៏រឹងមាំមួយសម្រាប់ការបង្កើត ការគ្រប់គ្រង និង ការអភិវឌ្ឍវិជ្ជាជីវៈសារការីនៅកម្ពុជាតាមប្រព័ន្ធឡាតាំងផង និងឱ្យសមស្របតាមតម្រូវការជាក់ស្តែងនៃសង្គមកម្ពុជាផង, (ទី២)-ការបន្តលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់សិស្សសារការី និង សារការីដែលកំពុងប្រកបវិជ្ជាជីវៈ សំដៅលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការប្រកបវិជ្ជាជីវៈសារការីនៅកម្ពុជាឱ្យកាន់តែទទួលបានជំនឿទុកចិត្ត និង ការទទួលស្គាល់កាន់តែទូលំទូលាយពីសាធារណជន និង (ទី៣)-ការជួយរៀបចំច្បាប់ និង លិខិតបទដ្ឋានគតិយុត្តសម្រាប់ការបង្កើត និង គ្រប់គ្រងវិជ្ជាជីវៈសន្ធានការី ដែលជាវិជ្ជាជីវៈថ្មីមួយសម្រាប់កម្ពុជា ។
    បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ឧត្តមក្រុមប្រឹក្សាសារការីបារាំង ដែលបានបន្តផ្តល់ការគាំទ្រ និង ជួយជ្រោមជ្រែងដល់ការអភិវឌ្ឍវិជ្ជាជីវៈសារការីនៅកម្ពុជា សំដៅធានាបាននូវវិជ្ជាជីវៈសារការីមួយប្រកបដោយការទទួលស្គាល់ និង ជំនឿទុកចិត្តពីសារធារណជនកម្ពុជា។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលបានជួយ និងបន្តជួយកម្ពុជាលើការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ទាំងក្នុងវិស័យច្បាប់ ទាំងក្នុងវិស័យផ្សេងៗទៀត បានយ៉ាងច្រើន ហើយដែលធនធានមនុស្សទាំងអស់នោះកំពុងតែចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌ ក៏ដូចជា វិស័យផ្សេងៗទៀតនៅកម្ពុជា។