ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តរតនគិរី

    ខេត្តរតនគិរី៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម រស់ ពិសិដ្ឋ ប្រធានសាលាដំបូងខេត្តរតនគិរី ជំនួស ឯកឧត្តម នៅ យ៉ារ័ត្ន ដែលត្រូវបានតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី, ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង ក៏ដូចជា មន្រ្តីរាជការ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។

    មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម រស់ ពិសិដ្ឋ អតីតអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តរតនគិរី។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តរតនគិរី ដែលបានដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានយ៉ាងប្រសើរ និងបានចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម និងបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក។

    ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរី, អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី នាពេលកន្លងមក ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្តរតនគិរី អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗក្នុងការថែរក្សានូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងផ្តល់សេវាយុត្តិធម៌ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងសម្រាប់បម្រើឱ្យវិស័យយុត្តិធម៌ទាំងមូលផង។

    ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន។ បន្ថែមពីនេះ, ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានក្នុងកម្រិតអតិបរមា ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌។