ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញប្រកាសបើកវគ្គបណ្ដុះបណ្ដាលម៉ូឌុល១ ស្ដីពី « ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងគោលការណ៍នៃការចោទប្រកាន់ » នាខេត្តសៀមរាប។

 

    សៀមរាប៖ នាថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ, លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាលម៉ូឌុល១ ស្ដីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងគោលការណ៍ចោទប្រកាន់» ដោយមានការចូលរួមពី ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា (តាមរយៈវីដេអូហ៊្សូម) និង លោកស្រី Marion Ehalt តំណាង ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC ) និងជាមន្ត្រីទទួលបន្ទុកកម្មវិធីទប់ស្កាត់បទល្មើស និងកិច្ចការព្រហ្មទណ្ឌយុត្តិធម៌។ វគ្គបណ្តុះបណ្តាលនេះត្រូវបានសហការរៀបចំឡេីងដោយក្រសួងយុត្តិធម៌ និង UNODC ដោយទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងដោយមានការចូលរួមពីចៅក្រម តំណាងអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ ដែលអញ្ជេីញមកពីខេត្ត សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តចំនួន៤រួមមាន ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ សរុបចំនួន ៣៦នាក់។

    គោលបំណងនៃវគ្គបណ្តុះបណ្តាល ម៉ូឌុល១ នេះគឺបន្តពង្រឹងសមត្ថភាពនិងចំណេះជំនាញដល់ចៅក្រម តំណាងអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស ដោយផ្តោតសំខាន់លើការស៊ើបអង្កេត និងការចោទប្រកាន់ ។ ការបន្តបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាព បច្ចេកទេសជំនាញដល់ចៅក្រម តំណាងអយ្យការ និងមន្រ្តីនគរបាលយុត្តិធម៌ នេះ គឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ខ្លាំង ដោយហេតុថាអានុភាពនៃចំណាត់ការនីតិវិធីរបស់តុលាការគឺចូលរួមចំណែកដោយផ្ទាល់ទៅលេីប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មនៅកម្ពុជា។