ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក JULIEN GARSANY អនុប្រធានអ្នកតំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងបទល្មើស (UNODC) ថ្នាក់តំបន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ទីស្តីការក្រសួងយុត្តិធម៌ ៖ នាថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក JULIEN GARSANY អនុប្រធានអ្នកតំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងបទល្មើស (UNODC) ថ្នាក់តំបន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារមួយចំនួនពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់កម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ជាមួយនឹង UNODC នាពេលអនាគត។

    ថ្លែងក្នុងជំនួបនេះ, លោក JULIEN GARSANY បានលើកឡើងថា កន្លងមក UNODC បានអនុវត្តនូវកិច្ចសហប្រតិបត្តិការជាច្រើនជាមួយក្រសួង ស្ថាប័នរបស់កម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងាររបស់នគរបាលជាតិ និងពន្ធនាគារ។ លោក JULIEN GARSANY បានបន្ថែមថា គោលដៅនៃការចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ នាឱកាសនេះ គឺដើម្បីឱ្យក្រុមការងាររបស់ UNODC អាចស្វែងយល់បន្ថែមអំពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា ក៏ដូចជាតម្រូវការនានារបស់ក្រសួងយុត្តិធម៌ លើការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រីកកិច្ចសហប្រតិបត្តិការរវាង UNODC ជាមួយក្រសួងយុត្តិធម៌ នាពេលអនាគតបន្ថែមទៀត។ 

    មានប្រសាសន៍ក្នុងឱកាសជំនួបនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន ប្រតិភូរបស់ UNODC ថា ក្រសួងយុត្តិធម៌បានកំណត់នូវយុទ្ធសាស្រ្តកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយបានធ្វើការបែងចែកជាសកម្មភាពការងារក្នុងរយៈពេលចំពោះមុខ និងសកម្មភាពការងារក្នុងរយៈពេលវែង។ ក្នុងចំណោមការងារជាច្រើនចំពោះមុខ, ក្រសួងយុត្តិធម៌ កំពុងយកចិត្តទុកដាក់ខ្ពស់លើការងារពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ តាមរយៈការកែទម្រង់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ជាពិសេស ការកែទម្រង់កម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រម ដើម្បីធ្វើឱ្យចៅក្រម និងព្រះរាជអាជ្ញាកាន់តែមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃសេវាយុត្តិធម៌របស់សង្គម ប្រកបដោយជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ។

    ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ក្រសួងយុត្តិធម៌សូមស្វាគមន៍នូវកិច្ចសហប្រតិបត្តិការរបស់ UNODC ហើយ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ប្រតិភូរបស់ UNODC ពិនិត្យលទ្ធភាពក្នុងការផ្តល់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក៏ដូចជា ការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ លើជំនាញពាក់ព័ន្ធនឹងការធ្វើស៊ើបអង្កេត និងការធ្វើកោសលវិច័យ ក្នុងសំណុំរឿងព្រហ្មទណ្ឌ។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យ UNODC ពិនិត្យលទ្ធភាពជួយលើការសិក្សាស្រាវជ្រាវអំពីបទប្បញ្ញត្តិច្បាប់ព្រហ្មទណ្ឌ ដែលមានតម្រូវការក្នុងការកែសម្រួលខ្លឹមសារ ដើម្បីឱ្យស្របទៅនឹងបរិបទជាក់ស្តែងនៃសង្គមកម្ពុជា ក៏ដូចជាលិខិតតុបករណ៍អន្តរជាតិពាក់ព័ន្ធនានា ផងដែរ។