ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញចុះហត្ថលេខាលើឯកសារគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ជាមួយលោក TAKEHARA Masayoshi នាយកក្រុមការងារផ្នែកច្បាប់ និងយុត្តិធម៌ប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

         នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើឯកសារគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ជាមួយលោក TAKEHARA Masayoshi នាយកក្រុមការងារផ្នែកច្បាប់ និងយុត្តិធម៌ប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោកស្រី KAMEI Haruko ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា, តំណាងស្ថានទូតជប៉ុន, តំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុត្តិធម៌ជប៉ុន ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌កម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

         គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ នឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៧ ដែលផ្តោតលើការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលនៅសាលាភូមិន្ទចៅក្រម។

           ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រាជដ្ឋាភិបាល និងប្រជាជនជប៉ុន និងទីភ្នាក់ងារ JICA ដែលបានជួយដល់ក្រសួងយុត្តិធម៌កម្ពុជា លើការងាររៀបចំកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ជាពិសេសក្នុងវិស័យរដ្ឋប្បវេណី និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក្នុងក្របខណ្ឌនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ តាំងពីដំណាក់កាលទី១ ដល់ដំណាក់ទី៥ ហើយនៅតែបន្តជួយដល់ក្រសួងយុត្តិធម៌ នៅក្នុងគម្រោងដំណាក់កាលទី៦ នេះ បន្ថែមទៀត ដោយផ្តោតអាទិភាពលើពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ទាំងការបណ្តុះបណ្តាលដំបូង ទាំងការបណ្តុះបណ្តាលបន្ត ដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការផ្សេងទៀត ដែលក្រសួងបានកំណត់ថាជាសសរស្តម្ភមួយដ៏សំខាន់ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់គុណភាពនៃការផ្តល់យុត្តិធម៌នៅកម្ពុជា។