ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា

 

      នារសៀល ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសកម្ពុជា និងប្រទេសតួកគី។ នៅក្នុងជំនួបនេះ, លោកជំទាវឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងស្តីពីបត្យាប័នរវាងប្រទេសទាំងពីរ។ ចំពោះសំណើនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីតួកគីរៀបចំដាក់សំណើនេះជាផ្លូវការតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីក្រសួងយុត្តិធម៌រៀបចំនីតិវិធីបន្ត ដើម្បីឈានទៅដល់ការសិក្សាលើការរៀបចំកិច្ចព្រមព្រៀងស្តីពីបត្យាប័ននេះ នាពេលខាងមុខ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការកំណត់ Focal Point រៀងៗខ្លួនសម្រាប់ការអនុវត្តការងារនេះ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។